(ភ្នំពេញ)៖ ទូក ង មួយឈ្មោះថា «តាម៉ៅសែនជ័យ» មកពីសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មានចំនុះ២២នាក់ ខណៈដែលកំពុងអុំសាកល្បង ស្រាប់តែខុសបច្ចេកទេស បណ្តាលឲ្យលិចត្រង់ចំណុច តាមដងទន្លេសាប នៅវេលាម៉ោង១២៖២០នាទីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ប៉ុន្តែសំណាងល្អ ពុំបណ្តាលឲ្យមានគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។
នៅពេលមានហេតុការណ៍នេះកើតឡើង កម្លាំងសមត្ថកិច្ចបានចេញជួយអន្តរាគមន៍ភ្លាមៗ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់កីឡាករអុំទូកណាម្នាក់នោះទេ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃម្សិលមិញ មានទូក ង មកពីវត្តអម្ពវ័ន្ត ស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ មានឈ្មោះថា «រស្មីស្រីស្រស់ដាញ់ទិព្វសែនជ័យ» ពេលសណ្តោងមកប្រណាំងសាកល្បង ស្រាប់តែប៉ះជាមួយទូកទេសចរណ៍ដ៏ធំមួយ បណ្តាលឲ្យលិច នៅមុខព្រះបរមរាជវាំង ហើយកីឡាករចំនួន២នាក់ ក្នុងចំណោម៩នាក់ បានបាត់ខ្លួន ដែលសង្ស័យបានស្លាប់បាត់ទៅហើយ។
រហូតមកដល់ថ្ងៃនេះ ជនរងគ្រោះ ដែលជាកីឡាករអុំទូក ២នាក់ នៅមិនទាន់រកឃើញនៅឡើយទេ៕![](https://s4.kh1.co/83/837059ad66fd685a1204df4279e3c0fb128eb899.jpg)
![](https://s4.kh1.co/28/28f3e5c60bfa0b5f3aebd4b2474838aee745498e.jpg)
![](https://s5.kh1.co/79/793e279f1c06b587281ebba03ff5332cb936e500.jpg)
![](https://s4.kh1.co/fa/fa03f6b702d7a58ff6e31aa910fe7b24d84e8a0c.jpg)
![](https://s4.kh1.co/0b/0bb8b878a7a9e3d3a32e8f2dd0338ba3f5edd606.jpg)
![](https://s4.kh1.co/83/837059ad66fd685a1204df4279e3c0fb128eb899.jpg)
![](https://s4.kh1.co/28/28f3e5c60bfa0b5f3aebd4b2474838aee745498e.jpg)
![](https://s5.kh1.co/79/793e279f1c06b587281ebba03ff5332cb936e500.jpg)
![](https://s4.kh1.co/fa/fa03f6b702d7a58ff6e31aa910fe7b24d84e8a0c.jpg)
![](https://s4.kh1.co/0b/0bb8b878a7a9e3d3a32e8f2dd0338ba3f5edd606.jpg)
ប្រភព ៖ Fresh News
កំណត់ត្រាខ្មែរឡូត៖
គួររំលឹកថា ក្នុងឱកាសអបអរព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ កងអាវុធហត្ថរាជធានី ក៏បង្កើនកិច្ចការពារសន្តិសុខផងដែរ។
នៅក្នុងនោះ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់សង្គម ត្រូវបានធ្វើការរឹតបន្តឹងដោយកម្លាំងអាវុធហត្ថរាជធានី សហការជាមួយប៉ូលិសរាជធានីភ្នំពេញ ចេញល្បាតការពារតាមគោលដៅ និងតាមដងផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋ សប្បាយរីករាយ អបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១៣ រហូតថ្ងៃទី១៥ វិច្ឆិកា ដើម្បីឱ្យពលរដ្ឋធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព ទាំងមុនពេល និងក្រោយពេលបញ្ចប់ពិធីបុណ្យ ។
ជាមួយគ្នានេះដែរ កម្លាំងអាវុធហត្ថ និងប៉ូលិសរាជធានីភ្នំពេញ បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ទាំងអ្នកបើកម៉ូតូ អ្នកជិះពីក្រោយ និងបើកបរប្រុងប្រយ័ត្ន ដើម្បីសុវត្ថិភាពពេលធ្វើដំណើរកម្សាន្តសប្បាយនានា និងការធ្វើដំណើរទៅលេងស្រុកកំណើត ក្នុងឱកាសអបអរបុណ្យប្រពៃណីជាតិខ្មែរឆ្នាំនេះ ពិសេសកាត់បន្ថយករណី គ្រោះថ្នាក់ចរាចរណ៍តែម្តង ។
តាមការបញ្ជាក់ឱ្យដឹង ពីមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងកាលពីល្ងាចទី៩ វិច្ឆិកា ថា អ្នកធ្វើចរាចរណ៍តាមដងផ្លូវសព្វថ្ងៃនេះភាគច្រើនតែងតែបានចូលរួមគោរពច្បាប់ចរាចរណ៍ និងតាមការណែនាំ របស់ក្រសួងមហាផ្ទៃ សាលារាជធានី និងការណែនាំផ្ទាល់របស់សមត្ថកិច្ច តាមគោលដៅគ្រប់កន្លែង ក្នុងក្រុងភ្នំពេញ ដើម្បីជំរុញឱ្យមានការគោរពច្បាប់ចរាចរណ៍ ពិសេសពាក់មួកសុវត្ថិភាពគ្រប់ៗគ្នា ទាំងអ្នកបើកបរ និងអ្នកជិះរួមដំណើរ និងមានបំពាក់កញ្ចក់ម៉ូតូ សម្រាប់មើលក្រោយផង ។
ប៉ុន្តែទោះបីសមត្ថកិច្ច ដាក់កម្លាំងតាមដងផ្លូវការពារ និងចាំសម្រួលចរាចរណ៍យ៉ាងណាក៏ដោយ ក៏ការស្ទះចរាចរណ៍ នៅតែកើតមានចៀស មិនផុតដោយកំណើនប្រជាជន និងមធ្យោបាយធ្វើដំណើរ នាពេលបច្ចុប្បន្ននេះ ចេះតែកើនជាលំដាប់ ។
មន្ត្រីអាវុធហត្ថបានធ្វើការសំណូមពរ ដល់ប្រជាពលរដ្ឋអ្នកប្រើប្រាស់ យានយន្តទាំងអស់នាំគ្នាគោរពច្បាប់ចរាចរណ៍ ពិសេសបើកបរត្រូវប្រុងប្រយ័ត្ន និងមានការយោគយល់គ្នាដើម្បីបញ្ចៀសករណី គ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។
មានការកត់សម្គាល់ថា មុនពេលពិធីបុណ្យជាតិប្រារព្ធឡើងម្តងៗ សមត្ថកិច្ចតែងតែបានចុះផ្សព្វផ្សាយនៅតាមដងផ្លូវ ទីប្រជុំជន តាមចំណតរថយន្តជាដើម ពង្រឹងសុវត្ថិភាពជាចម្បង ក្នុងការធ្វើដំណើរទាំងមុនពេល និងក្រោយពេលបុណ្យប្រពៃណីជាតិធំៗរបស់ខ្មែរយើង ។
កម្លាំងអាវុធហត្ថ បានសហការជាមួយប៉ូលិស ចុះគ្រប់គោលដៅ ពិសេសច្រកចេញចូលរាជធានី ចាំអន្តរាគមន៍ការពារ សន្តិសុខទូទៅ និងសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍គ្រប់ពេលវេលា ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ ប្រកបដោយសុវត្ថិភាព តាមទិសដៅនិងផែនការណែនាំ ដ៏មឺុងម៉ាត់របស់លោក ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជ អាវុធហត្ថលើប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានី ពិសេសបទបញ្ជាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាគណៈបញ្ជាការ ឯកភាពរាជធានី ដែលតែងតែបានអនុវត្តតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលជារៀងរាល់ឆ្នាំ ៕![](https://s5.kh1.co/5b/5bbe9efc99a7d9e73a72dc4214d08ef2eb67c042.jpg)
![](https://s5.kh1.co/5b/5bbe9efc99a7d9e73a72dc4214d08ef2eb67c042.jpg)